ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

ប្រសិទ្ធភាពការងារនៅថ្ងៃនេះ អាចឆ្លុះបញ្ចាំងអំពីគុណសម្បត្តិ និងគុណវិបត្តិ

ដោយ :www.dailybreakingnews.com.kh

 


លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានថ្លែងក្នុងកិច្ចប្រជុំ បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាលសហគមន៍ ប្រចាំខែឧសភា ឆ្នាំ២០២៦ លើកទិសដៅអនុវត្តបន្ដ ព្រមទាំងការប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលប្រព្រឹត្តទៅក្រោមការអនុវត្តតាមអនុសាសន៍ និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានលើកយកបទពិសោធន៍ការងារល្អៗ ដែលបានឆ្លុះបញ្ចាំងពីគុណសម្បត្តិការងារនាពេលកន្លងមកនេះ ហើយបានដាក់ចេញនូវទិសដៅបន្ត ដល់គ្រប់ផែនជំនាញ គ្រប់អធិការដ្ឋាននគរបាលក្រុង/ស្រុក ទាំង១០ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង១០៩ ត្រូវបន្ដលើកកម្ពស់គុណភាពការងារជំនាញបន្ថែមទៀត ដូចខាងក្រោម:

១-បន្ដជំរុញការផ្សព្វផ្សាយអនុក្រឹត្យ លេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ។

២-បន្តស្រាវជ្រាវទីតាំងស្នាក់នៅរបស់ជនបរទេសលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺមិនអនុញ្ញាតឱ្យកើតមានឡើង ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ជាដាច់ខាត ។

៣-បន្ដបម្រើសេវាសាធារណ: ដែលជាសេវាតម្រូវការ និងសេវាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស។

៤-បន្ដពង្រឹង ការងារនគរបាលសហគមន៍។

៥-ត្រូវពង្រឹង និងបង្កើនសមត្ថភាពគ្រប់គ្រងតាមដានក្តាប់ សភាពការណ៍ការងារសន្តិសុខ ឲ្យបានម៉ឺងម៉ាត់ ជាពិសេសរាល់មុខសញ្ញាបង្កចលាចលសង្គម និងមុខសញ្ញាចោរ លួច ឆក់ប្លន់ ក្មេងទំនើង ដើម្បីដាក់ចេញវិធានការបង្ការទប់ស្កាត់ ឲ្យមានប្រសិទ្ធភាព។

៦-បន្ដយកចិត្តទុកដាក់ ដោះស្រាយសម្រួលចរាចរណ៍ នៅតាមគោលដៅ ដែលប្រឈមកកស្ទះ និងបន្ដការប្រើវិធានការ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកប្រើប្រាស់ផ្លូវឱ្យបានផុលផុស ដើម្បីបង្កើនសុវត្ថិភាពខ្ពស់លើដងផ្លូវ។

៧-ត្រៀមលក្ខណៈ ២៤/២៤ម៉ោង ដើម្បីជួយសង្គ្រោះក្នុងករណីអគ្គិភ័យកើតឡើងជាយថាហេតុណាមួយ និងបន្ដវិធានការអំពីផ្សព្វផ្សាយ ហានិភ័យនៃការឆាបឆេះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

៨-បន្ដជំរុញ និងសហការពីសមាសភាពពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋ ក្នុងការផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ក្នុងមូលដ្ឋាន។ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានស្នើឱ្យគ្រប់កងកម្លាំងទាំងអស់ ត្រូវខិតខំសិក្សាស្រាវជ្រាវរៀនសូត្រអ្វីថ្មីៗ ដើម្បីអភិវឌ្ឍសមត្ថភាពជំនាញ និងចំណេះដឹង បង្កើតទំនាក់ទំនងល្អរក្សាមិត្តភាព និងទំនាក់ទំនងវិជ្ជាជីវៈល្អជាមួយអ្នកដទៃ ត្រូវមានគំនិតវិជ្ជមាន និងការតាំងចិត្ត ជម្នះឧបសគ្គដោយការតាំងចិត្តខ្ពស់ និងចុងក្រោយគឺត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ព្រោះសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាថាមពលដ៏ខ្លាំងខ្លាបំផុតរបស់ខ្លួនយើងម្នាក់ៗ ៕


No comments