ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យផលប៉ះពាល់ នៃការកាន់កាប់ដីធ្លី និងអាស្រ័យផលលើដីចំណីព្រែក ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំ ក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យផលប៉ះពាល់ នៃការកាន់កាប់ប្រើប្រាស់ដីធ្លី របស់ប្រជាពលរដ្ឋ លើដីចំណីព្រែក គ្រប់គ្រងដោយក្រសួងធនធានទឹក និងឧតុនិយម ស្ថិតក្នុងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា ការប៉ះពាល់កាន់កាប់ប្រើប្រាស់ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋលើដីចំណីព្រែក ក្នុងស្រុកស្រីសន្ធរមាន៣ឃុំ ក្នុងនោះ គឺឃុំស្វាយខ្សាច់ភ្នំ ឃុំព្រែកដំបូក និងឃុំឬស្សីស្រុក។
ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា ករណីខាងលើនេះ រដ្ឋបាលខេត្ត បានដាក់វិធានការឲ្យមន្ទីរជំនាញ និងអាជ្ញាធរស្រុកស្រីសន្ធរ ធ្វើអត្តសញ្ញាណកម្មដីឲ្យបានច្បាស់លាស់ និងធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលកំពុងកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើដីនោះ បូករួមទាំងការសាងសង់សំណង់នានា និងស្ថានភាពបម្រែ បម្រួលដី ដែលបច្ចុប្បន្នយើងឃើញថា ស្ថានភាពគោករាក់ គឺមានជាប្រចាំមិនថារដូវប្រាំង ឬរដូវវស្សាទេ។
ឯកឧត្តម អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តកំំពង់ចាម បានដាក់ចេញជាវិធានការឲ្យអាជ្ញាធរ ឃុំ ស្រុក និងមន្ទីរជំនាញធ្វើការសិក្សា ដើម្បីលើកយោបល់មករដ្ឋបាលខេត្ត ដើម្បីពិនិត្យលទ្ធភាព និងធ្វើការដោះស្រាយ៕





















No comments