ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជំរុញឱ្យសហគមន៍ទុរេនស្រុកស្ទឹងត្រង់ ជួយទប់ស្កាត់ការនាំចូលទុរេន ពីប្រភពខាងក្រៅ ដើម្បីរក្សាតម្លៃរបស់ខ្លួនឲ្យបានគង់វង្ស
(កំពង់ចាម): ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំ ការនាំចូលពីប្រភពខាងក្រៅ ដែលឈានទៅរកការបាត់បង់តម្លៃកសិផលរបស់ខ្លួន, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់ការណែនាំដល់បងប្អូនប្រជាកសិករ និងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ ឱ្យរួបរួមគ្នា ជួយទប់ស្កាត់ការនាំចូលទុរេន ពីប្រភពខាងក្រៅ ក្នុងនោះត្រូវបង្កើតជា "ស្លាកសញ្ញាសម្គាល់ផលិតផល" ឱ្យបានច្បាស់លាស់ ដើម្បីរក្សាតម្លៃរបស់ខ្លួនឲ្យបានគង់វង្ស។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំ សាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ទុរេនស្រុកស្ទឹងត្រង់ គឺជាកសិផលដែលមានសក្តានុពលខ្ពស់ និងមានរសជាតិឆ្ងាញ់ពិសាដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅ។ ទោះជាយ៉ាងណា កន្លងមកមានការយកឈ្មោះទុរេនស្ទឹងត្រង់ទៅប្រើប្រាស់លើទុរេនដែលនាំចូលពីក្រៅតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងតម្លៃទីផ្សារពិតប្រាកដ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមសហគមន៍ ជំរុញឱ្យសហគមន៍សហការជាមួយមន្ទីរជំនាញ ដើម្បីបង្កើតឡូហ្គោ (Logo) និងស្លាកសញ្ញាសម្គាល់ដែលបញ្ជាក់ពីប្រភពដើម "ទុរេនស្ទឹងត្រង់"។ ណែនាំឱ្យមានការប្រើប្រាស់ ស្លាក QR Code បិទលើផ្លែទុរេននីមួយៗ ដើម្បីឱ្យអតិថិជនងាយស្រួលស្កេនពិនិត្យប្រភពចម្កា។ ក្នុងនោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ត្រូវធ្វើការណែនាំជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យប្រកាន់ខ្ជាប់នូវការដាំដុះស្របទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីឲ្យទិន្នផលមានគុណភាពខ្ពស់។











No comments