ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា បំណងប្រាថ្នា និងទស្សនវិស័យដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកសាងសង្គមជាតិមួយឱ្យ រួចផុតពីគ្រឿងញៀន ដោយទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់រាល់ការប្រើប្រាស់ ការចរាចរ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយនិរន្តរភាព

ដោយ :www.dailybreakingnews.com.kh

 


(កំពង់ចាម) ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​២៦មិថុនា ក្រោមប្រធានបទ "រួមគ្នាឆ្លើយតបក្នុងបរិបទថ្មី ប្រកបដោយភាពឆ្នៃប្រឌិត"​ នៅស្រុកកំពង់សៀម​ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តកំពង់ចាម បានដុតបំផ្លាញចោលគ្រឿងញៀនជិត​ ១២គីឡូក្រាម ដែលបង្ក្រាបបាននាពេលកន្លងមក​ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ មានប្រសាសន៍ថា​ បំណងប្រាថ្នា និងទស្សនវិស័យដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកសាងសង្គមជាតិមួយឱ្យ រួចផុតពីគ្រឿងញៀន ដោយទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់រាល់ការប្រើប្រាស់ ការចរាចរ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយនិរន្តរភាព​ ។ 

ឯកឧត្តមអភិបាលខេត្ត​ បានបញ្ជាក់ថា​ ដើម្បីឈានទៅសម្រេចគោលដៅដ៏មានសារៈសំខាន់ខាងលេីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ 

និងវិធានការ​«សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីផ្ទៃបឹង» ជាយុទ្ធនាការបោសសម្អាត និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឬបុគ្គលិកស្ថាប័នរដ្ឋណា​ ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន  ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធភាពការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចំណែកអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំយើងមានសុវត្ថិភាព នោះគឺ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ​ ពោលគឺមានសណ្តាប់ធ្នាប់សាធារណៈល្អ ដោយពុំមានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើងផងដែរ ៕

No comments