លោក វរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុកក្រគរ បានអញ្ជើញចូលរួម នាំយកប្រាក់បេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ១គ្រួសារ
ស្រុកក្រគរខេត្តពោធិ៍សាត់:នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាស្រុកក្រគរ ដឹកនាំដោយលោក លីវ សេងហ៊ីម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុកក្រគរ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកប្រាក់បេឡាមរណសង្គ្រោះចំនួន ៤,០០០,០០០ រៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ១គ្រួសារ។
សពមានឈ្មោះ ឆឹង បូឆានី ភេទប្រុស អាយុ ៥២ឆ្នាំ ជានិវត្តជនយោធា មានទីលំនៅភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ អ្នកបន្តវេនទទួលប្រាក់បេឡាមរណសង្គ្រោះ គឺឈ្មោះ ឡន ឡៃ ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវជាកូនបង្កើតរបស់សព មានទីលំនៅភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ពិធីប្រគល់ប្រាក់បេឡាមរណសង្គ្រោះនេះ ក៏មានការអញ្ជើញចូលរួមពី លោក វរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុកក្រគរ ព្រមទាំងលោកប្រធានសាខាសមាគមអតីតយុទ្ធជនកម្ពុជាឃុំអូរសណ្តាន់ និងសមាជិកពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ លោក លីវ សេងហ៊ីម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ជូនចំពោះក្រុមគ្រួសារសព។ លោកក៏បានអានលិខិតចូលរួមមរណទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រួសារ ឱ្យខិតខំបន្តជីវភាពរស់នៅដោយភាពរឹងមាំ និងរក្សាសាមគ្គីភាពក្នុងគ្រួសារ។
ការផ្តល់ប្រាក់បេឡាមរណសង្គ្រោះនេះ គឺជាការយកចិត្តទុកដាក់ និងការគាំពាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ចំពោះអតីតយុទ្ធជន និងក្រុមគ្រួសាររបស់ពួកគាត់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ ក៏ដូចជាការចូលរួមចែករំលែកទុក្ខលំបាក និងផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារសពក្នុងគ្រាលំបាក។









No comments