ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦

ដោយ :www.dailybreakingnews.com.kh

 


ក្រុងតាខ្មៅខេត្តកណ្តាល:នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងវាយតម្លៃលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦។

កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងការងារជំនាញរបស់កម្លាំងនគរបាលគ្រប់ផ្នែក ឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវ និងឆ្លើយតបបានទាន់ពេលវេលាចំពោះស្ថានភាព និងបញ្ហាប្រឈមនានាដែលកើតមានក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនេះ លោកអធិការ ក៏បានផ្សព្វផ្សាយ និងណែនាំអំពីផែនការការងាររបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធានាឱ្យការអនុវត្តការងារមានភាពស៊ីសង្វាក់គ្នា និងសម្រេចបានតាមគោលដៅដែលបានដាក់ចេញ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក យី វណ្ណដា បានណែនាំដល់បណ្តាផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងបង្កើនការចុះល្បាត ការត្រួតពិនិត្យ និងការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីធានាបាននូវភាពសុខសាន្ត និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអធិការ ក៏បានជំរុញឱ្យកម្លាំងគ្រប់ផ្នែកបន្តពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋ ដោយត្រូវអនុវត្តការងារប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ តម្លាភាព និងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ ត្រូវបន្តយកចិត្តទុកដាក់លើការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសចោរកម្ម បញ្ហាគ្រឿងញៀន និងបទល្មើសផ្សេងៗដែលអាចបង្កការរំខានដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ជាពិសេស លោកអធិការ បានដាក់ចេញនូវការណែនាំឱ្យកម្លាំងជំនាញពង្រឹងការស្រាវជ្រាវ ស្វែងរក និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams ដែលកំពុងបង្កហានិភ័យ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គម ដោយត្រូវបង្កើនកិច្ចសហការរវាងផ្នែកជំនាញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

កិច្ចប្រជុំខាងលើ មានការចូលរួមពីលោក-លោកស្រី អធិការរង លោក-លោកស្រី នាយផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ ព្រមទាំងមន្ត្រីផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ផងដែរ។

តាមរយៈកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំបានបន្តជំរុញ និងលើកទឹកចិត្តដល់កម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ ឱ្យបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំបង្កើនប្រសិទ្ធភាពការងារ និងរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីបម្រើប្រជាពលរដ្ឋ និងរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានក្រុងតាខ្មៅឱ្យកាន់តែមានភាពរីកចម្រើន និងសុខសាន្ត៕

No comments