លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកមរណទុក្ខដោយក្ដីសោកស្ដាយបំផុត ចំពោះមរណភាពលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងស្រុកស្ទឹងត្រង់
ខេត្តកំពង់ចាម:ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញក្នុងពិធីដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិ ជាកិច្ចបច្ឆាមរណៈជូនសពលោក វរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលបានទទួលមរណភាព កាលពីថ្ងៃ៧ ខែសីហា ឆ្នាំ២០២៦ ក្រោយពីទទួលរងរបួសធ្ងន់ធ្ងរ ក្នុងប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនា បង្កឡើងដោយក្រុមស្ទាវវាយប្រតាយប្រតបគ្នាទៅវិញទៅមក ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ។
ក្នុងឱកាសចូលរួមរំលែកមរណទុក្ខនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បាននាំយកបច្ច័យ និងសម្ភារៈ សរុបជាថវិកា ចំនួន ៥លានរៀល ចូលរួមក្នុងពិធីបុណ្យ ដើម្បីជាការរួមចំណែក ក៏ដូចជាការជួយសម្រួលដល់ការចំណាយក្នុងពិធីបុណ្យសព។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់ មន្ត្រីនគរបាលជាតិ ដ៏ឆ្នើម ដ៏អង់អាច ក្លាហានមួយរូប និងមានភាពសកម្មក្នុង តួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដែលជាគំរូ វីរភាពដ៏ឧត្តុង្គឧត្តម ។
សូមបញ្ជាក់ផងដែលថា ក្រោយពេលរងរបួសយ៉ាងធ្ងន់ធ្ងរ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ត្រូវបានក្រុមគ្រួសារ និងមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងប្រធានអង្គភាព បានបញ្ចូនបន្ដទៅព្យាបាល និងសង្គ្រោះនៅមន្ទីរមួយកន្លែង នៃប្រទេសវៀតណាម និងមានការអញ្ជើញចុះសាកសួរសុខទុក្ខដោយផ្ទាល់ពីថ្នាក់ដឹកនាំ ព្រមទាំងបានឧបត្ថម្ភគាំទ្រ លើការចំណាយចំពោះការសម្រាកព្យាបាលជាបន្ដបន្ទាប់ ផងដែរ។
បច្ចុប្បន្នសពសពលោក វរសេនីយ៍ទោ ម៉ាប់ សុផាត ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៕






















No comments