លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំមន្ត្រីរាជការចំណុះរដ្ឋបាលស្រុក នាំយកបច្ច័យ និងទេយ្យទាន ចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃ ជូនគ្រួសារមន្ត្រីនគរបាល និងប្រជាការពារ
ខេត្តពោធិ៍សាត់៖ នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំមន្ត្រីរាជការចំណុះរដ្ឋបាលស្រុក អញ្ជើញនាំយកបច្ច័យ និងទេយ្យទាន ដើម្បីចូលរួមក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃ របស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម និងបងប្អូនប្រជាការពារឃុំអូរសោម ចំនួន៤នាក់ ដែលបានទទួលមរណភាព ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោកអភិបាលស្រុក និងក្រុមការងារ បាននាំយកនូវបច្ច័យ និងសម្ភារៈឧបត្ថម្ភ ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រាលការលំបាករបស់ក្រុមគ្រួសារសព ក្នុងពេលកំពុងជួបទុក្ខសោក។ ក្នុងមួយគ្រួសារ ទទួលបានថវិកាចំនួន ៧៣០,០០០រៀល ទឹកក្រូចចំនួន ៥កេស និងទឹកបរិសុទ្ធចំនួន ៥កេស។
ការឧបត្ថម្ភនេះ គឺជាការចូលរួមរបស់សប្បុរសជន និងមន្ត្រីរាជការចំណុះរដ្ឋបាលស្រុកវាលវែង តាមរយៈលោកអភិបាលនៃគណៈអភិបាលស្រុក ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការចូលរួមចែករំលែកទុក្ខលំបាកជាមួយគ្រួសាររបស់មន្ត្រី និងប្រជាការពារ ដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចបម្រើសង្គម និងប្រជាពលរដ្ឋ។
ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីអាជ្ញាធរភូមិ អាជ្ញាធរឃុំ និងក្រុមយុវជនក្មេងវត្តផងដែរ។ ការចូលរួមទាំងនេះបានបង្ហាញឱ្យឃើញពីស្មារតីស្រឡាញ់ និងគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមគ្រួសារសព ក្នុងការឆ្លងកាត់នូវដំណាក់កាលដ៏លំបាកនេះ។
ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាលស្រុកវាលវែង លោកអភិបាល និងមន្ត្រីរាជការទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព និងសូមឱ្យវិញ្ញាណក្ខន្ធរបស់សពទាំង៤រូប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 🙏

















No comments