លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ នៃការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងការតាំងពិព័រណ៍សមិទ្ធផលនានា នៅក្នុងក្រុងកំពង់ចាម នាពេលឆាប់ៗ ខាងមុខនេះ
ខេត្តកំពង់ចាម:នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ នៃការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងការតាំងពិព័រណ៍សមិទ្ធផលនានា នៅក្នុងក្រុងកំពង់ចាម នាពេលឆាប់ៗ ខាងមុខនេះ ។
ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ដែលជាមេបញ្ជាការគ្រប់គោលដៅ និងសមាជិកពាក់ព័ន្ធ ក្នុងផែនការ ការពារ ជាច្រើនរូប ផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានធ្វើការកត់សម្គាល់ និងដកស្រង់ នៃបទពិសោធន៍ ដែលបានអនុវត្តសម្រេចតាមផែនការ នាពេលកន្លងមកនេះ និងត្រូវយកមកអនុវត្តបន្ដ ។
ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា គ្រប់បញ្ចាការគោលដៅ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំសណ្ដាប់ធ្នាប់ ការគ្រប់គ្រង និងក្ដាប់សភាពការណ៍សន្ដិសុខ ហើយត្រូវត្រៀមលក្ខណៈអន្តរាគមន៍ បង្ការ ទប់ស្កាត់ និងបង្ក្រាប រាល់សកម្មភាពឆ្លាតឱកាស បង្កជាបទល្មើស នានា ព្រមទាំងការសម្រួល និងការបញ្ចៀសចរាចរណ៍ ឱ្យបានល្អប្រសើរ ដើម្បីធានាដល់សុខសុវត្ថិភាពជូនដល់ថ្នាក់ដឹកនាំ ភ្ញៀវជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកចូលរួមក្នុងកម្មវិធី ប្រកបដោយភាពសប្បាយរីករាយ ៕















No comments