ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

មន្ត្រីអធិការកិច្ចនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ចាម ៤រូប ចូលរួមពិធីសច្ចាប្រណិធាន នៅសាលាដំបូងខេត្ត

ដោយ :www.dailybreakingnews.com.kh

 


(កំពង់ចាម)៖ មន្ត្រីអធិការកិច្ចចំនួន ៤ រូប នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពង់ចាម នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចូលរួមក្នុងពិធីសច្ចាប្រណិធាន ដើម្បីទទួលនីតិសម្បទាជានគរបាលយុត្តិធម៌ ដែលបានរៀបចំឡើងនៅសាលាដំបូងខេត្តកំពង់ចាម។


ការរៀបចំពិធីសច្ចាប្រណិធាននេះ ត្រូវបានធ្វើឡើងដោយផ្អែកលើ ប្រកាសអន្តរក្រសួង លេខ ១៥៨ កយ.បទ.ប្រក/២៥ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ រវាងក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពីការផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ ដល់មន្ត្រីអធិការកិច្ចទូរគមនាគមន៍ និងយោងតាមលិខិតសំណើរបស់ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តផងដែរ។

នៅក្នុងពិធីសច្ចាប្រណិធាននោះ មន្ត្រីអធិការកិច្ចទាំង ៤ រូប បានស្បថសច្ចាថានឹងបំពេញភារកិច្ចដោយភាពស្មោះត្រង់ យុត្តិធម៌ និងគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ ព្រមទាំងបទប្បញ្ញត្តិទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា។ គោលបំណងសំខាន់នៃការទទួលបាននីតិសម្បទាជា «មន្ត្រីនគរបាលយុត្តិធម៌» នេះ គឺដើម្បីអនុញ្ញាតឱ្យមន្ត្រីនៃមន្ទីរជំនាញមានសិទ្ធិពេញលេញក្នុងការចុះត្រួតពិនិត្យ ស្វែងរក និងបង្ក្រាបបទល្មើសនានាដែលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍។

គួរបញ្ជាក់ផងដែរថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏ដូចជាមន្ទីរជំនាញខេត្ត តែងតែធ្វើការជំរុញ និងពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យការគ្រប់គ្រងវិស័យមួយនេះកាន់តែមានប្រសិទ្ធភាព តម្លាភាព និងសុវត្ថិភាពខ្ពស់សម្រាប់សង្គមជាតិទាំងមូល៕

No comments