លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំង និងត្រួតពិនិត្យលើការងារដឹកនាំប្រចាំថ្ងៃ ដើម្បីកែលម្អ និងបំពេញបន្ថែម ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃអធិការដ្ឋាននគរបាលស្រុក ចំនួន៦
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាល ជាមួយកងកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកចំនួន ៦ មានស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកព្រៃឈរ និងស្រុកកំពង់សៀម និងបន្ដចុះត្រួតពិនិត្យនៅគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង១០៩ ។
ជាមួយគ្នានឹងការចុះត្រួតពិនិត្យ និងសំណេះសំណាលសាកសួរសុខទុក្ខនេះ ក៏ដូចជាការត្រួតពិនិត្យការស្នាក់នៅ ការហូបចុករបស់កងកម្លាំង ព្រមទាំងរបៀបរបប នៃការដឹកនាំអនុវត្តកិច្ចការងារ ការរៀបចំទុកដាក់ ឯកសារ ផ្សេងៗ សម្រាប់ការងារប្រចាំថ្ងៃ នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលនីមួយៗ ផងដែរ។
ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានត្រួតពិនិត្យលើឧបករណ៍សម្ភារៈ មួយចំនួន ដែលមានចំណុចខ្វះខាត់ និងត្រូវបំពេញបន្ថែម ពិសេសកន្លែងធ្វើការ ត្រូវកែលម្អឱ្យបានសមរម្យ ស្របតាមលក្ខណៈជាទម្រង់រដ្ឋបាល ដើម្បីធានាបានដល់ការបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានកាន់តែល្អប្រសើរ និងឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន៕











No comments