លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញអមដំណើរ ឯកឧត្តម ឃៀង សុជីវ័ន អគ្គនាយករង និងប្រតិភូ តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ គៀន ស្រីនាង ក្នុងឱកាសនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន ៩វត្ត
ស្រុកវាលវែងខេត្តពោធិ៍សាត់: ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញអមដំណើរ ឯកឧត្តម ឃៀង សុជីវ័ន អគ្គនាយករង និងប្រតិភូ តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ គៀន ស្រីនាង ក្នុងឱកាសនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន ៩វត្ត ដែលបានរៀបចំធ្វើនៅវត្តគីរីបុទម្ពរ (វត្តប្រម៉ោយ) ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏សោមនស្សរីករាយ និងពោរពេញដោយសទ្ធាជ្រះថ្លា ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកប្រធានការិយាល័យពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ព្រមទាំងលោក លោកស្រី សមាជិកក្រុមយុវជនបក្ស មកពីឃុំប្រម៉ោយ និងឃុំអន្លង់រាបយ៉ាងច្រើនកុះករ។
ការប្រគេនទៀនព្រះវស្សា និងទេយ្យទាននាពេលនេះ គឺជាការចូលរួមថែរក្សា និងលើកតម្កើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបង្ហាញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះព្រះសង្ឃក្នុងរដូវកាលចូលព្រះវស្សាជារៀងរាល់ឆ្នាំ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឃៀង សុជីវ័ន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅក្នុងបរិវេណវត្ត និងបាននាំយកទឹកក្រូច ព្រមទាំងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន ចែកជូនដល់គ្រួសារភៀសសឹកចំនួន ៨គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ និងជាការផ្តល់កម្លាំងចិត្តក្នុងគ្រាលំបាក។
សកម្មភាពមនុស្សធម៌ និងការចូលរួមក្នុងវិស័យព្រះពុទ្ធសាសនានេះ បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ស្របតាមគោលការណ៍មនុស្សធម៌ និងវប្បធម៌ខ្មែរដ៏ល្អប្រពៃ។



































No comments