លោក ចាន់ បណ្ឌិត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចូលរួមកិច្ចប្រជុំការងារ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការរាជធានី-ខេត្ត សម្រាប់រយៈពេលឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៧
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី លោក ចាន់ បណ្ឌិត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ អមដោយលោកប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ ព្រមទាំងលោកប្រធានអង្គភាពលទ្ធកម្មខណ្ឌ បានអញ្ជើញចូលរួមកិច្ចប្រជុំការងារ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការរាជធានី-ខេត្ត សម្រាប់រយៈពេលឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៧។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងតំណាងរដ្ឋបាលពាក់ព័ន្ធ ដើម្បីរួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ និងទទួលការណែនាំអំពីគោលការណ៍ នីតិវិធី និងលក្ខខណ្ឌបច្ចេកទេសសំខាន់ៗ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ អង្គប្រជុំបានផ្តោតការយកចិត្តទុកដាក់លើការរៀបចំផែនការថវិកាឱ្យមានលក្ខណៈជាក់ស្តែង ស្របតាមតម្រូវការអភិវឌ្ឍន៍ និងអាទិភាពការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងធានាឱ្យការបែងចែក និងការប្រើប្រាស់ថវិកាសាធារណៈមានប្រសិទ្ធភាព សន្សំសំចៃ គណនេយ្យភាព និងអាចឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានលើកឡើងអំពីការកំណត់ទិសដៅ និងអាទិភាពនៃការអនុវត្តគម្រោងនានា ការរៀបចំផែនការចំណូល-ចំណាយ ការគ្រប់គ្រងធនធានថវិកា ការរៀបចំឯកសារគាំទ្រឱ្យបានត្រឹមត្រូវ ព្រមទាំងការអនុវត្តនីតិវិធីបច្ចេកទេសនានា ដើម្បីធានាថា ការរៀបចំគម្រោងថវិកាសម្រាប់ឆ្នាំ២០២៧ អាចប្រព្រឹត្តទៅដោយរលូន មានគុណភាព និងស្របតាមបទប្បញ្ញត្តិជាធរមាន។
ការចូលរួមរបស់លោក ចាន់ បណ្ឌិត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នាពេលនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព និងការយល់ដឹងផ្នែកការរៀបចំផែនការ ការគ្រប់គ្រងថវិកា និងការអនុវត្តការងារលទ្ធកម្មសាធារណៈ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន មកអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការរៀបចំផែនការថវិការបស់រដ្ឋបាលខណ្ឌដូនពេញនាពេលខាងមុខ។
តាមរយៈកិច្ចប្រជុំការងារនេះ រដ្ឋបាលខណ្ឌដូនពេញ នឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំ ឱ្យមានភាពច្បាស់លាស់ សមស្របតាមស្ថានភាពជាក់ស្តែង និងស្របតាមអាទិភាពនៃការអភិវឌ្ឍមូលដ្ឋាន សំដៅធានាឱ្យការប្រើប្រាស់ថវិកាសាធារណៈមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់គុណភាពសេវាសាធារណៈ និងការអភិវឌ្ឍខណ្ឌដូនពេញឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕







No comments