ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ការលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលកំពុងរៀបចំខ្លួនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខ នៅវិទ្យាល័យ ហ៊ុន សែន ក្រគរ

ដោយ :www.dailybreakingnews.com.kh

 


ស្រុកក្រគរខេត្តពោធិ៍សាត់:ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ការលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលកំពុងរៀបចំខ្លួនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខ នៅវិទ្យាល័យ ហ៊ុន សែន ក្រគរ។

ក្នុងឱកាសនោះ លោកអភិបាលស្រុក បានផ្តាំផ្ញើឱ្យសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរំលឹកមេរៀន បង្កើនការសិក្សាដោយយកចិត្តទុកដាក់ គោរពវិន័យ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីត្រៀមខ្លួនឱ្យមានភាពជឿជាក់ និងអាចប្រឡងទទួលបានលទ្ធផលល្អប្រសើរ។ លោកក៏បានលើកទឹកចិត្តឱ្យសិស្សប្រឡងដោយសមត្ថភាពផ្ទាល់ខ្លួន ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ គោរពបទបញ្ជា និងនីតិវិធីនៃការប្រឡង។

ជាមួយគ្នានេះ លោក អ៊ន សុផល្លា បានសម្តែងនូវការជឿជាក់ថា សិស្សានុសិស្សទាំងអស់នឹងខិតខំអស់ពីសមត្ថភាព ដើម្បីសម្រេចបានជោគជ័យក្នុងការប្រឡងបាក់ឌុប ដែលជាជំហានដ៏សំខាន់សម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សម្រាប់ចូលរួមអភិវឌ្ឍន៍សង្គម និងប្រទេសជាតិនាពេលអនាគត។

ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅ សិស្សានុសិស្សបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ និងត្រៀមខ្លួនឱ្យបានល្អបំផុត ដើម្បីទទួលបានលទ្ធផលជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦៕

No comments