លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការបង្កើនសមត្ថភាពជំនាញសម្រាប់បុគ្គលិកក្រុមហ៊ុន សហគ្រាស» និងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា និងបណ្តុះបណ្តាលដោយជោគជ័យ
ស្រុកក្រគរខេត្តពោធិ៍សាត់:រសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការបង្កើនសមត្ថភាពជំនាញសម្រាប់បុគ្គលិកក្រុមហ៊ុន សហគ្រាស» និងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា និងបណ្តុះបណ្តាលដោយជោគជ័យ។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ និងក្រុមហ៊ុន ថូភេក ឯ.ក/អ៊ីមែកស៍ ឯ.ក ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពការងាររបស់បុគ្គលិក ឱ្យស្របតាមតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃវិស័យឧស្សាហកម្ម និងសហគ្រាសនាពេលបច្ចុប្បន្ន។
ក្នុងឱកាសនោះ លោក អ៊ន សុផល្លា បានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងគ្រឹះស្ថានបណ្តុះបណ្តាលជំនាញ និងវិស័យឯកជន ដែលបានរួមចំណែកបង្កើតឱកាសសិក្សា និងអភិវឌ្ឍសមត្ថភាពដល់កម្មករ និយោជិត និងបុគ្គលិកក្រុមហ៊ុន សហគ្រាស ដើម្បីឱ្យពួកគាត់អាចយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តក្នុងការងារជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។
លោកអភិបាលស្រុក ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យបន្តខិតខំសិក្សាស្វែងយល់ អភិវឌ្ឍសមត្ថភាព និងពង្រឹងជំនាញរបស់ខ្លួនជាប្រចាំ ព្រមទាំងយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីបង្កើនផលិតភាពការងារ លើកកម្ពស់ជីវភាព និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
ពិធីប្រគល់វិញ្ញាបនបត្រនេះ គឺជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង និងការបំពេញការសិក្សារបស់សិក្ខាកាម ព្រមទាំងជាកម្លាំងចិត្តដ៏សំខាន់ សម្រាប់ជំរុញឱ្យសិក្ខាកាមបន្តអភិវឌ្ឍសមត្ថភាព និងប្រើប្រាស់ជំនាញវិជ្ជាជីវៈរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។
កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល រីករាយ និងប្រកបដោយផ្លែផ្កា ដោយបានបង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នបណ្តុះបណ្តាល និងវិស័យឯកជន ក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។





















No comments