ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំកងកម្លាំង អាជ្ញាធរឃុំ និងសហការជាមួយបងប្អូនប្រជាពលរដ្ឋ ចុះអនុវត្តការងារជួសជុល និងថែទាំផ្លូវកៅស៊ូមួយខ្សែ ដែលមានសភាពខូចខាត និងមានជង្ហុកជាច្រើន បណ្តាលឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ ស្ថិតនៅក្នុងឃុំបឹងកន្ទួត

ដោយ :www.dailybreakingnews.com.kh

 



ស្រុកក្រគរខេត្តពោធិ៍សាត់:ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំកងកម្លាំង អាជ្ញាធរឃុំ និងសហការជាមួយបងប្អូនប្រជាពលរដ្ឋ ចុះអនុវត្តការងារជួសជុល និងថែទាំផ្លូវកៅស៊ូមួយខ្សែ ដែលមានសភាពខូចខាត និងមានជង្ហុកជាច្រើន បណ្តាលឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ ស្ថិតនៅក្នុងឃុំបឹងកន្ទួត ស្រុកក្រគរ។

ការចុះជួសជុលផ្លូវនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល សុវត្ថិភាព និងកាត់បន្ថយការប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសក្នុងរដូវវស្សា ដែលផ្លូវអាចរងការខូចខាត និងបង្កការលំបាកដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ព្រមទាំងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកអភិបាលស្រុក បានលើកឡើងពីសារៈសំខាន់នៃការចូលរួមថែទាំ និងការពារហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងមូលដ្ឋាន ដោយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាផ្លូវថ្នល់ សម្អាតប្រព័ន្ធលូ និងប្រឡាយបង្ហូរទឹក ព្រមទាំងចូលរួមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន នៅពេលឃើញមានការខូចខាត ដើម្បីអាចចាត់វិធានការជួសជុលបានទាន់ពេលវេលា។

លោកក៏បានបញ្ជាក់ថា ការថែទាំហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន មិនមែនជាកាតព្វកិច្ចរបស់អាជ្ញាធរតែមួយប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ច និងការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកម្លាំងដ៏សំខាន់ក្នុងការថែរក្សា និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន ស្អាត មានសណ្តាប់ធ្នាប់ និងប្រកបដោយសុវត្ថិភាព។

សកម្មភាពនេះបានបង្ហាញឱ្យឃើញពីកិច្ចសហការល្អ និងស្មារតីសាមគ្គីភាពរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋ ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

🤝 ការចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន គឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។

🌱 សហគមន៍រឹងមាំ ចាប់ផ្តើមចេញពីការយកចិត្តទុកដាក់ ការចូលរួម និងកម្លាំងសាមគ្គីភាពរបស់យើងផ្ទាល់!

No comments