លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៦ និងពិធីផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន
ខេត្តពោធិ៍សាត់ ស្រុកក្រគរ:នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៦ និងពិធីផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ដែលបានរៀបចំឡើងនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីលើកកម្ពស់គុណភាពអប់រំ និងប្រសិទ្ធភាពការងារក្នុងវិស័យអប់រំ ឱ្យកាន់តែមានភាពល្អប្រសើរ និងឆ្លើយតបតាមតម្រូវការជាក់ស្តែង។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានលើកឡើងពីសារៈសំខាន់នៃការផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ដែលជាឯកសារគោលដ៏មានសារៈសំខាន់ សម្រាប់គាំទ្រ និងលើកកម្ពស់តួនាទី ភារកិច្ច សិទ្ធិ កាតព្វកិច្ច ព្រមទាំងការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន សំដៅធានាបាននូវគុណភាព ប្រសិទ្ធភាព និងសេចក្តីថ្លៃថ្នូរក្នុងវិជ្ជាជីវៈគ្រូបង្រៀន។
លោក អ៊ន សុផល្លា ក៏បានជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ គ្រូបង្រៀន និងមន្ត្រីអប់រំទាំងអស់ ឱ្យបន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ សាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយចំណេះដឹង សមត្ថភាព និងគុណធម៌ សម្រាប់បម្រើដល់ការអភិវឌ្ឍសង្គមជាតិ។
កិច្ចប្រជុំ និងការផ្សព្វផ្សាយព្រះរាជក្រឹត្យនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសយកចិត្តទុកដាក់ និងកិច្ចសហការល្អ ដោយអ្នកចូលរួមបានទទួលនូវការយល់ដឹងបន្ថែម អំពីខ្លឹមសារ និងសារៈសំខាន់នៃលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព និងស្របតាមបទប្បញ្ញត្តិជាធរមាន។

















No comments