លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់ស្រុក ស្តីពីកិច្ចពិភាក្សារវាងរដ្ឋបាលស្រុក និងតំណាងអង្គការសហគមន៍មូលដ្ឋាន
ស្រុកក្រគរ៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក ពិន មួន សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោកប្រធានក្រុមប្រឹក្សាស្រុក និង លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់ស្រុក ស្តីពីកិច្ចពិភាក្សារវាងរដ្ឋបាលស្រុក និងតំណាងអង្គការសហគមន៍មូលដ្ឋាន ដែលរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលស្រុកក្រគរ។
កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុក អង្គការសហគមន៍ និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានានៅមូលដ្ឋាន ព្រមទាំងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការរៀបចំផែនការ និងថវិកាអភិវឌ្ឍន៍មូលដ្ឋាន។
ក្នុងឱកាសនោះ អង្គប្រជុំបានផ្តោតសំខាន់លើការប្រមូលធាតុចូលពីប្រជាពលរដ្ឋ និងសហគមន៍ ដើម្បីធានាថាការរៀបចំផែនការអភិវឌ្ឍន៍ឆ្លើយតបបានត្រឹមត្រូវទៅនឹងតម្រូវការ និងអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ ក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទទួលខុសត្រូវ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍស្រុកក្រគរឱ្យមានភាពរីកចម្រើន និងឆ្លើយតបបានកាន់តែល្អប្រសើរចំពោះសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។































No comments