លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំបើកកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ការប្រឡងបាក់ឌុប ឆ្នាំ២០២៦
ខេត្តកណ្តាល៖ អនុវត្តតាមប្រសាសន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងរៀបចំផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យឡើងវិញនូវការងារត្រៀមលក្ខណៈ ការបែងចែកកម្លាំង និងការកំណត់ភារកិច្ចជាក់លាក់ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរ ព្រមទាំងការពារសុវត្ថិភាពជូនបេក្ខជន អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងក្រុមការងារពាក់ព័ន្ធនៅតាមមណ្ឌលប្រឡង។
សម្រាប់ ក្រុងតាខ្មៅ មានមណ្ឌលប្រឡងចំនួន ៥មណ្ឌល រួមមាន៖
១. អនុវិទ្យាល័យ ហ៊ុន សែន ហេងតុង
២. វិទ្យាល័យ ហ៊ុន សែន តាខ្មៅ
៣. វិទ្យាល័យ វឌ្ឍនៈឈូងលាភ
៤. វិទ្យាល័យ ហ៊ុន សែន សេរីភាព
៥. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ព្រែកសំរោង។
ក្នុងឱកាសនោះ លោកអធិការ បានណែនាំដល់កម្លាំងនគរបាលពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅជុំវិញមណ្ឌលប្រឡង និងតាមដងផ្លូវ ព្រមទាំងសម្រួលចរាចរណ៍ ដើម្បីបង្កលក្ខណៈងាយស្រួល និងសុវត្ថិភាពជូនបេក្ខជនក្នុងការធ្វើដំណើរមកប្រឡង និងត្រឡប់ទៅលំនៅដ្ឋានវិញ។
កិច្ចប្រជុំនេះមានការចូលរួមពីលោកអធិការរង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ ដើម្បីរួមគ្នាពិនិត្យ ផ្សព្វផ្សាយ និងអនុវត្តផែនការឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅធានាឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងក្រុងតាខ្មៅ ប្រព្រឹត្តទៅដោយសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងទទួលបានជោគជ័យ។






No comments