ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អាន សំអន នាយកកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ-ជ្រោយចង្វារ-ស្វាយជ្រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យការងារប្រចាំថ្ងៃ ដោយផ្តោតសំខាន់លើបញ្ហាប្រឈមនានាដែលបានជួបប្រទះកន្លងមក ព្រមទាំងលើកយកបញ្ហាទូទៅមួយចំនួនមកពិភាក្សា និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព

ដោយ :www.dailybreakingnews.com.kh

 


ក្រុងអរិយក្សត្រ:នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក អាន សំអន នាយកកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ-ជ្រោយចង្វារ-ស្វាយជ្រំ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យការងារប្រចាំថ្ងៃ ដោយផ្តោតសំខាន់លើបញ្ហាប្រឈមនានាដែលបានជួបប្រទះកន្លងមក ព្រមទាំងលើកយកបញ្ហាទូទៅមួយចំនួនមកពិភាក្សា និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោកនាយកក៏បានធ្វើការណែនាំដល់បុគ្គលិកផ្នែកបើកបរកាណូតចម្លង បុគ្គលិកផ្នែកភាស៊ី និងបុគ្គលិកសន្តិសុខទាំងអស់ ឱ្យបង្កើនស្មារតីទទួលខុសត្រូវ ប្រុងប្រយ័ត្នខ្ពស់ក្នុងពេលបំពេញការងារ ប្រកាន់ខ្ជាប់នូវសុជីវធម៌ល្អ អាកប្បកិរិយាសមរម្យ និងផ្តល់សេវាជូនប្រជាពលរដ្ឋដោយភាពរួសរាយរាក់ទាក់ ស្មោះត្រង់ និងយកចិត្តទុកដាក់។

ជាពិសេស ក្នុងរដូវទឹកកំពុងដំឡើង ដែលអាចមានទឹកហូរខ្លាំង និងខ្យល់បក់ខ្លាំង បុគ្គលិកគ្រប់ផ្នែកត្រូវបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាសុវត្ថិភាព សុខភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងអ្នកដំណើរដែលធ្វើដំណើរឆ្លងកាត់កំពង់ចម្លង។ ជាមួយគ្នានេះ ត្រូវរួមគ្នាថែរក្សាសណ្តាប់ធ្នាប់ អនាម័យ និងគុណភាពសេវាកម្មឱ្យបានល្អប្រសើរ ដើម្បីបង្កើនទំនុកចិត្ត និងការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ សាមគ្គីភាព និងការទទួលខុសត្រូវរបស់បុគ្គលិកគ្រប់ផ្នែក ព្រមទាំងរួមចំណែកធានាឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ ជាពិសេសក្នុងអំឡុងពេលស្ថានភាពទឹក និងអាកាសធាតុមានការប្រែប្រួល។ 

No comments