លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវថ្មើរជើង និងការស្តារប្រព័ន្ធលូរំដោះទឹក នៅក្នុងទីប្រជុំជនស្រុក
ខេត្តពោធិ៍សាត់:នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវថ្មើរជើង និងការស្តារប្រព័ន្ធលូរំដោះទឹក នៅក្នុងទីប្រជុំជនស្រុកវាលវែង ដើម្បីពិនិត្យលើដំណើរការងារ គុណភាព និងវឌ្ឍនភាពនៃការអនុវត្តជាក់ស្តែងនៅតាមទីតាំង។
ការងារនេះមានគោលបំណងលើកកម្ពស់សោភ័ណភាពទីប្រជុំជន រៀបចំសណ្តាប់ធ្នាប់សាធារណៈ កែលម្អអនាម័យ និងបរិស្ថានឱ្យមានភាពស្អាត បរិសុទ្ធ និងមានសណ្តាប់ធ្នាប់ល្អ ជាពិសេសជួយសម្រួលដល់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អបរិស្ថានទីប្រជុំជន ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើនសក្តានុពលរបស់ស្រុកវាលវែង ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា និងស្នាក់នៅកាន់តែច្រើនឡើង។ ការរីកចម្រើននេះនឹងចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងមូលដ្ឋាន បង្កើនឱកាសការងារ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍នៅក្នុងតំបន់។
ក្នុងឱកាសចុះពិនិត្យ លោកអភិបាលបានណែនាំឱ្យក្រុមការងារ និងអ្នកពាក់ព័ន្ធយកចិត្តទុកដាក់លើការអនុវត្តការងារឱ្យបានត្រឹមត្រូវ មានគុណភាព និងទាន់ពេលវេលា ព្រមទាំងបន្តថែរក្សាសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានឱ្យបានល្អប្រសើរ ដើម្បីធានាថាសំណង់ និងហេដ្ឋារចនាសម្ព័ន្ធទាំងនេះអាចប្រើប្រាស់បានយូរអង្វែង និងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
សកម្មភាពនេះ មានការចូលរួមពីលោក សមាជិកក្រុមប្រឹក្សាស្រុក លោកនាយកស្តីទី លោកប្រធានការិយាល័យស្រុក និងក្រុមការងារពាក់ព័ន្ធ។





















No comments